ខេត្តកំពត៖ ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលរំលឹកជូនគ្រូបង្គោល ស្តីពីការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លង (NCD-EMR)។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ប្រព័ន្ធ NCD-EMR ការគ្រប់គ្រងទិន្នន័យអ្នកជំងឺ ការប្រើ Dashboard និងការភ្ជាប់ជាមួយប្រព័ន្ធ Auto Claim របស់ NPCA។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់មន្ត្រីបង្គោលទាំងអស់ ឲ្យបន្តខិតខំបន្ថែមមួយចំនួនរួមមាន៖ ១)ពង្រឹងការប្រមូល និងគ្រប់គ្រងទិន្នន័យប្រជាជនឲ្យបានត្រឹមត្រូវ ដើម្បីគាំទ្រការរៀបចំផែនការ និងការបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ២)បន្តតាមដាន និងបណ្តុះបណ្តាលមន្ត្រីសុខាភិបាលលើការប្រើប្រាស់ប្រព័ន្ធ NCD-EMR ដើម្បីរក្សាទុក វិភាគទិន្នន័យ និងភ្ជាប់ជាមួយប្រព័ន្ធ Auto Claim របស់ NPCA សម្រាប់ការបញ្ជាក់ចំណាយ ៣)ផ្សព្វផ្សាយសេវាពិនិត្យជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដល់ប្រជាជនគោលដៅឲ្យបានទូលំទូលាយ។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម មានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅកាន់មណ្ឌលសុខភាពទូទាំងប្រទេស ដើម្បីផ្តល់ជូនប្រជាជន ដែលត្រូវការព្យាបាល។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងលោក លោកស្រី ជាមន្ត្រីបង្គោលទទួលបន្ទុកការងារជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មកពីខេត្តចំនួន១៨ សរុបអ្នកចូលរួមចំនួន ១៣០ រូប។