Cambodia
ព័ត៌មានលំអិត

Image
សហរដ្ឋអាមេរិក នៅតែជាដៃគូដ៏រឹងមាំ និងមិនអាចខ្វះបាន នៅក្នុងការងារលុបបំបាត់ជំងឺឆ្លង និងការពង្រឹងប្រព័ន្ធអង្កេតតាមដានដែលមានសមត្ថភាពខ្ពស់
ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥

នារសៀលថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អនុស្សរណៈនៃការយោគយល់គ្នានេះ កំណត់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសុខភាពឆ្នាំ២០២៦-២០៣០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តោតលើ៖

- ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងសន្តិសុខសុខភាពសកល (GHS)

- ការឃ្លាំមើលជំងឺ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ ផ្នែកមន្ទីរពិសោធន៍ ប្រព័ន្ធទិន្នន័យសុខាភិបាល និងជំនួយបច្ចេកទេសជាយុទ្ធសាស្ត្រ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងធានាបាននូវតម្លាភាព ការទទួលខុសត្រូវ និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលបំណងរួមក្នុងវិស័យសុខាភិបាល រួមចំណែកជាមួយនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល តាមរយៈការលុបបំបាត់ជំងឺឆ្លង និងពង្រឹងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបនឹងជំងឺឆ្លង។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13