ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តកណ្តាល លើកទី១៨។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាព នៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យគ្រប់រូប ត្រូវខិតខំស្រាវជ្រាវបង្កើនចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗ ឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។
ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ ត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយសហភាតរៈ និងសាធារណជន ព្រមទាំងគោរពច្បាប់បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។
ក្នុងពិធីនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានធ្វើបទបង្ហាញ អំពីគោលការណ៍ក្រមសីលធម៌វេជ្ជសាស្រ្ត ជាគោលការណ៍កម្រិតទស្សនៈវិជ្ជា ដែលកំណត់ពីអ្វីដែលត្រូវ និង អ្វីដែលខុស នៅក្នុងការងារថែទាំ និងព្យាបាលជំងឺ (វេជ្ជសាស្រ្ត)។ ក្រមសីលធម៌វេជ្ជសាស្រ្ត ឈរលើគោលការណ៍ចំនួន៤ សម្រាប់ណែនាំគ្រូពេទ្យក្នុងការពិចារណាមុនសម្រេចចិត្តផ្តល់ការព្យាបាល និងមុនអនុវត្តទម្រង់កិច្ចការថែទាំ និងព្យាបាល ដើម្បីធានាថា ការងារនោះត្រូវបានធ្វើឡើងប្រកបដោយភាពមានវិជ្ចាជីវៈ (professionalism) គោលការណ៍ក្រមសីលធម៌ទាំង ៤ រួមមាន៖
1-គោរពស្វ័យភាពរបស់អ្នកជំងឺ (autonomy)
2-គិតប្រយោជន៍អ្នកជំងឺ (beneficence)
3-មិនបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ (no-maleficence)
4-យុត្តិធម៌ក្នុងការបម្រើរសេវាពិនិត្យព្យាបាល( Justice)។
សូមបញ្ជាក់ថា ទិវានេះមានអ្នកចូលរួមផ្ទាល់ចំនួន ២៣៦រូប និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១០០០រូប៕