ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប។
ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមទីតាំងទាំងឡាយ នៅខេត្តជាប់ព្រំដែន។
ឯកឧត្តមក៏បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មណ្ឌលបម្រើសេវាសុខាភិបាលបឋម ក្នុងការជំរុញការយកចិត្តទុកដាក់ ការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្តិភាព រៀបចំផែនការកាពារសុខភាព និងសង្រ្គោះបន្ទាន់ ការបម្រើសេវាជូន វីរកងទ័ព និង ប្រជាជនភៀសសឹក រាប់ទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងអនុវត្តបែងចែកភារកិច្ចរបស់មន្ត្រីសុខាភិបាល ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង ក៏ដូចយជាការគ្រប់គ្រងការផ្គត់ផ្គង់ឱសថ បរិក្ខារឱ្យបានល្អទៀតផង។
មូលដ្ឋានសុខាភិបាល ដែលចុះគាំទ្រ រួមមានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកស្រុក ក្រឡាញ់ មន្ទីរពេទ្យបង្អែកស្រុកពួក មន្ទីរពេទ្យបង្អែកស្រុកអង្គជុំ រួមទាំងមណ្ឌលផ្តល់សេវាសុខាភិបាលបឋម នៅទីតាំងសុវត្ថិភាពជនភៀសសឹកមួយចំនួនទៀត។
ក្នុងនោះដែរក៏មានការចូលរួមជួយគាំទ្រពីក្រុមគ្រូពេទ្យរបស់មន្ទីសុខាភិបាលខេត្ត ត្បូងឃ្មុំ និងខេត្តរតនគិរី ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាល និងអប់រំសុខភាពដល់ប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពចុងកាល់ និងបាត់ថ្កៅ នៅខេត្តឧត្តរមានជ័យ។