ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី៣០ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ៧ ស្ថិតក្នុងស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការចុះពិនិត្យនេះ ដើម្បីស្វែងយល់ គាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងការថែទាំ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង និងគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ស្របតាម “សេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម មន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងដើម្បីកែលម្អមុខងាររបស់មណ្ឌលសុខភាព ឱ្យទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផើ្ញការសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម នៅកម្រិតមណ្ឌលសុខភាព នៃក្រសួងសុខាភិបាល បានចុះពង្រឹងការបម្រើសេវាសុខភាព នៅយាមមណ្ឌលសុខភាពទូទាំង ២៥ រាជធានី ខេត្ត ក្នុងនោះ ខេត្តកំពង់ចាម ក្រុមការងារបានចុះពិនិត្យមណ្ឌលសុខភាព សរុបចំនួន ៩៦ ក្នុងជំហានទី២ ស្មើនឹង១០០% ទូទាំងខេត្តកំពង់ចាម។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំផែនការសកម្មភាព ក្នុងជំហានបន្ទាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងឱ្យបានកាន់តែប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារក្នុងមណ្ឌលសុខភាព ធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ដំណើរចុះពិនិត្យនេះ មានការចូលរួមអមដំណើរដោយប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដោយចុះទៅមណ្ឌលសុខភាពចំនួន ៧គឺ៖ ១)មណ្ឌលសុខភាពដងក្តារ ២)មណ្ឌលសុខភាពអូរម្លូ ៣)មណ្ឌលសុខភាពអារក្សត្នោត ៤)មណ្ឌលសុខភាពទួលសំបួរ ៥)មណ្ឌលសុខភាពខ្ពបតាងួន ៦)មណ្ឌលសុខភាពពាមកោះស្នា និង៧)មណ្ឌលសុខភាពព្រែកបាក់។