Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកដង្កោរ
ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកដង្កោរ ជុំទី៤ ឆ្នាំ២០២៥។

ការចុះពិនិត្យនេះ ផ្តោតសំខាន់លើ៖ (១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ  ដែលបានអនុវត្តតាមការណែនាំ របស់ក្រុមការងារក្រសួង បានឱ្យឃើញថាមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានីជុំទី៣ កន្លងមក កាលពីចុងឆ្នាំ២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ នាពេលកន្លងមក។ 

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកដង្កោរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6