Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
គ្រឹះស្ថានបណ្តុះបណ្តាលដើរតួយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សវិស័យសុខាភិបាលក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព
ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ បានអញ្ជើញចុះពិនិត្យសកម្មភាពការបណ្តុះបណ្តាលរបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យបានផ្តល់អនុសាសន៍ ដើម្បីពង្រឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដើម្បីបន្ត និងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឱ្យកាន់តែមានគុណភាពកាន់តែប្រសើរ មានដូចខាងក្រោម៖

- សាលារៀបចំបញ្ជូលក្រមសីលធម៌ទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់និស្សិតចាប់ពីឆ្នាំ១ រហូតដល់ឆ្នាំចុងក្រោយ

- រៀបចំឱ្យមានការប្រជុំឱ្យបានទៀងទាត់ប្រចាំខែ សម្រាប់គណៈគ្រប់គ្រងសាលា និងមន្ត្រីរាជការក្រោមឱវាទ

- រៀបចំការបែងចែកតួនាទីភារកិច្ចការងារឱ្យបានច្បាស់លាស់

- កែលម្អបរិស្ថានជុំវិញសាលាឱ្យកាន់តែប្រសើរ

- ពង្រឹងសមត្ថភាពគ្រូ និងធ្វើការផ្សព្វផ្សាយជូនដំណឹងជ្រើសរើសគ្រូបន្ថែម

- រៀបចំការវាយតម្លៃដោយខ្លួនឯង (Self Assessment) ជារៀងរាល់៦ខែម្ដង ដើម្បីតាមដានពីវឌ្ឍនភាពការងារ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាល

- បន្ទប់អនុវត្តបង្ហាញត្រាប់ត្រូវរៀបចំកែលម្អ និងបំពាក់សម្ភារៈឱ្យស្របតាមស្តង់ដាកម្មវិធីសិក្សា

- បណ្តុះបណ្តាលគ្រូកម្មសិក្សាមន្ទីរពេទ្យបន្ថែម ដើម្បីឱ្យសមស្របតាមចំនួននិស្សិតដែលកំពុងសិក្សា។

បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តមសាស្រា្តចារ្យបានចុះពិនិត្យទីតាំងជាក់ស្តែងដូចជា បណ្ណាល័យ បន្ទប់អនុវត្តបង្ហាញត្រាប់ បន្ទប់រៀន បន្ទប់ប្រឡងទ្រឹស្តីតាមប្រព័ន្ធកុំព្យូទ័រ និងអគារនៅបរិវេណជុំវិញសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។

សូមបញ្ជាក់ផងដែរថា អង្គពិធីនេះមានការអញ្ជើញចូលរួមដោយ លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9