រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចពិភាក្សា ស្តីការពិនិត្យឡើងវិញលើបទបង្ហាញស្តីពី COLPOSCOPY, THERMAL ABLATIONបាន and LEEP ដែលបានធ្វើបច្ចុប្បន្នភាព សម្រាប់គ្រូបង្គោលថ្នាក់ជាតិបន្ទាប់ពីវគ្គបណ្តុះបណ្តាលបំប៉ន កាលពីថ្ងៃទី១៥ ដល់១៧ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត។
កិច្ចប្រជុំបានសម្រេចលើលទ្ធផលសំខាន់ៗដូចជា៖
- ការអនុវត្តតេស្ត Dual-Stain (p16/Ki-67): ឯកភាពលើការសាកល្បង triage លើស្ត្រីដែលមានលទ្ធផល HPV(+) ចំនួន ១,០០០ករណី ក្នុងខេត្តគោលដៅចំនួនពីរ សម្រាប់ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់រកកោសិកាមហារីក
- ការកែលម្អមគ្គុទ្ទេសក៍បច្ចេកទេស៖ បញ្ចប់ការកែសម្រួលសៀវភៅមគ្គុទ្ទេសក៍ស្តីពីការពិនិត្យដោយ Colposcopy និងនីតិវិធីព្យាបាលដោយ Thermal Ablation និង LEEP ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
- ការពង្រឹងសមត្ថភាពគ្រូបង្គោល៖ កំណត់ផែនការបណ្តុះបណ្តាលជំនាញប្រឹក្សាយោបល់ (Counseling) ដល់គ្រូបង្គោលថ្នាក់ជាតិទាំង១៥រូប និងបន្តកិច្ចសហការជាមួយ NCHAD សម្រាប់ការអនុវត្តជាក់ស្តែង។
ជានិច្ចកាល លោកជំទាវប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានសង្កត់ធ្ងន់លើការបង្កើន "ស្មារតីសាមគ្គីភាព និងកិច្ចសហការ" ដើម្បីជំរុញការងារពិនិត្យ ស្រាវជ្រាវមហារីកមាត់ស្បូននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យតាមផែនការគ្រោងទុក។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្ត្រាចារ្យ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រីតំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងវេជ្ជបណ្ឌិត ដែលជាក្រុមការងារបច្ចេកទេស មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា មជ្ឈមណ្ឌលមេត្តាករុណាកម្ពុជា តំណាងអង្គការ WHO, JICA និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣២រូប។