ចាប់ពីថ្ងៃទី ០៣ដល់ទី០៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌសុវត្ថិភាព ក្នុងខេត្តសៀមរាបនិងឧត្តរមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែនក្នុងភាពជាទ័ពអាវស។
ក្រុមការងារក៏បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មណ្ឌលបម្រើសេវាសុខាភិបាលបឋម ក្នុងការជំរុញការយកចិត្តទុកដាក់ ការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្តិភាព រៀបចំផែនការកាពារសុខភាព និងសង្រ្គោះបន្ទាន់ ការបម្រើសេវាជូន វីរកងទ័ព និង ប្រជាជនភៀសសឹក រាប់ទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងអនុវត្តបែងចែកភារកិច្ចរបស់មន្ត្រីសុខាភិបាល ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាការគ្រប់គ្រងការផ្គត់ផ្គង់ឱសថ បរិក្ខារឱ្យបានល្អទៀតផង។