Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ទូទាំងប្រទេស តាមប្រព័ន្ធនិម្មិត (ZOOM)
ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៦

ព្រឹកថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅផែនការឆ្នាំបន្ទាប់ តាមប្រព័ន្ធនិម្មិត (ZOOM) ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យប្រធាន បានណែនាំដល់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត ត្រូវជួយជំរុញវេជ្ជបណ្ឌិត និងគ្រូពេទ្យជាសមាជិក ឱ្យពង្រឹងបន្ថែមនូវ ក្រមសីលធម៌ និងវិជ្ជាជីវៈពេទ្យ ព្រមទាំងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះ តាមរបាយការណ៍របស់ ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សម្រាប់ទិសដៅឆ្នាំ២០២៦ គណៈគ្រូពេទ្យនឹងផ្តោតលើអាទិភាពសំខាន់ៗចំនួន៤៖

១. បរិវត្តកម្មឌីជីថល៖ ធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណអនឡាញ និងការគ្រប់គ្រងទិន្នន័យ

២. ពង្រឹងក្រមសីលធម៌៖ អនុវត្តវិន័យម៉ឺងម៉ាត់ ការស៊ើបអង្កេតបណ្ដឹង និងការផ្សព្វផ្សាយច្បាប់

៣. ធានាគុណភាព CPD៖ ពង្រីកមធ្យោបាយយកពិន្ទុ និងរៀបចំប្រព័ន្ធវាយតម្លៃអ្នកផ្តល់សេវា

៤. ពង្រឹងអភិបាលកិច្ច៖ ពង្រឹងសមត្ថភាពគណៈគ្រូពេទ្យខេត្ត (ក.គ.ខ)។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានសុខភាពសាធារណៈ និងជាអគ្គលេខាធិការរង ក.គ.ជ ក៏បានបង្ហាញអំពីផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ និងគោលដៅសម្រាប់ឆ្នាំ ២០៣០ របស់គណៈគ្រូពេទ្យកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាភូមិភាគ និងរាជធានី ខេត្ត សរុបចំនួន ២៥៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17