ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាពប្រជាជនភៀសសឹក ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល ព្រមទាំមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យ/មូលដ្ឋានសុខាភិបាល ខេត្តពោធិ៍សាត់។
គោលបំណងបេសកម្ម ការចុះគាំទ្រ និងពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ផ្តោតលើការកែគាំទ្រ និងការឆ្លើយតបស្ថានការណ៍បន្ទាន់ គាំទ្របច្ចេកទេស សម្របសម្រួលការងារ ជាមួយមូលដ្ឋានក្នុងកិច្ចពង្រឹងសហប្រតិបត្តិការ មន្ទីរពេទ្យបង្អែកខេត្តខេត្តពោធិ៍សាត់ ជាមួយ មន្ទីរពេទ្យសម្ព័ន្ធភាពថ្នាក់ជាតិ ដូចជាមិត្តភាពកម្ពុជា-ចិនព្រះកុសម: និងមានការជួយគាំទ្រពីមន្ទីរពេទ្យបង្អែកខេត្តកណ្តាល និងក្រចេះ ក្នុងការត្រៀមឆ្លើយតបស្ថានការណ៍បន្ទាន់ និងតំបន់ព្រំដែន ពិនិត្យសមត្ថភាពមន្ទីរពេទ្យ និងទីតាំងសុវត្ថិភាព ការគ្រប់គ្រងឱសថ សម្ភារៈបរិក្ខារ យន្តការសម្របសម្រួលសុខាភិបាលដ្ឋាន ជាមួយស្ថានភាពជួរមុខ។
ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក ក្នុងនោះ មណ្ឌលសុខភាពហ៊ុនសែនថ្មដា ដែលរងនូវការខូចខាតស្ទើរតែទាំងស្រុង ត្រូវរៀបចំជា របាយការណ៍ និងចងក្រងឯកសារជាភស្តុតាង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ និងថ្លែងអំណរគុណពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ដោយអស់ពីកម្លាំងកាយចិត្ត របស់មន្ត្រីសុខាភិបាលជួរមុខទាំងអស់ដែលបានបំពេញកតព្វកិច្ចប្រកបដោយជោគជ័យ ទោះស្ថិតក្រោមស្ថានភាពលំបាក និងគ្រោះថ្នាក់ក៏ដោយ។ បច្ចុប្បន្នមន្ត្រីសុខាភិបាល រក្សាសាមគ្គីភាពរឹងមាំ និងកំពុងខិតខំបម្រើសេវាសុខភាព និងថែទាំប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់នៅគ្រប់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងទីទួលសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។