ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ បានអញ្ជើញចូលរួមចុះពិនិត្យការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបេសកកម្មនោះដែរ ក្រុមការងារបានចុះពិនិត្យទីតាំងមួយចំនួន នៅតំបន់ព្រំដែន ដែលកងទ័ពថៃបានឈ្លានពានបូរណភាពទឹកដីកម្ពុជា ជាពិសេសភូមិព្រៃចាន់ ក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពនៅវត្តចាន់ស៊ី ដែលជាទីតាំងស្នាក់នៅបណ្ដោះអាសន្ន របស់ប្រជាជនភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ និងចុះពិនិត្យទីតាំងបម្រើសេវាសុខភាពដូចជា មន្ទីរពេទ្យបង្អែកអូរជ្រៅ មណ្ឌលសុខភាពកូប និងទីតាំងផ្ដល់សេវាសុខភាពតាមជំរុំភៀសសឹក។
ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមការងារចំពោះកិច្ច និងមន្ទីរជុំវិញខេត្ត។