រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី របាយការណ៍នៃការសិក្សាលើការអនុវត្តយន្តការសម្របសម្រួលការឆ្លើយតបអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពហុវិស័យ ដែលបានរៀបចំឡើងដោយ UN Women តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង UN Women កម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖
១.បង្ហាញពីរបកគំហើញបឋម នៃការពិនិត្យមើលលើឯកសារពាក់ព័ន្ធសំខាន់ៗ និងការពិគ្រោះយោបល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
២.ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធលើរបកគំហើញ និងសេចក្តីព្រាងអនុសាសន៍រួមទាំងវិស័យអាទិភាព ដើម្បីពង្រឹងការអនុវត្តយន្តការសម្របសម្រួលការឆ្លើយតបអំពើហិង្សា ទាក់ទងនឹងយែនឌ័រពីពហុវិស័យរូមមានតួនាទី និងការទទួលខុសត្រូវ អភិបាលកិច្ច គណនេយ្យភាព ការរៀបចំ SOP និងការតភ្ជាប់ជាមួយការគ្រប់គ្រងករណី
៣.កំណត់ឱ្យបាន និងកែសម្រួលអនុសាសន៍ ដែលអាចអនុវត្តជាក់ស្តែង ដើម្បីជួយតម្រង់ទិស ដល់ការរៀបចំនិយាមប្រតិបត្តិការស្តង់ដារ (SOPs) ថ្នាក់ជាតិ និងក្រោមជាតិ សម្រាប់ការសម្របសម្រួលជាលក្ខណៈពហុវិស័យ។
តាមរយៈសិក្ខាសាលានេះ ក្រុមការងារ នឹងទទូលបានធាតុចូល សម្រាប់ជួយតម្រង់ទិស ក្នុងការរៀបចំនីតិវិធី ប្រតិបត្តិស្តង់ដារ (SOP) ឬ គោលការណ៍ណែនាំក្នុងការពង្រឹងការអនុវត្តយន្តការសម្របសម្រួលការឆ្លើយតបអំពើ ហិង្សាទាក់ទងនឹងយេនឌ័រជាពហុវិស័យប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះ មានសមាសភាពចូលរួមប្រមាណ ៥០ រូបដូចជា៖ តំណាងក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ព្រមទាំងតំណាង គណៈកម្មាធិការជាតិអភិវឌ្ឍន៍ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (NCDDS) អភិបាលរងខេត្ត នៃខេត្តគោលដៅ ACCESS 2 ចំនួនបួនរួមមានសៀមរាប កំពង់ស្ពឺ កំពង់ចាម និងខេត្តរតនគិរី តំណាងមន្ទីរកិច្ចការនារីខេត្ត (លេខាធិការដ្ឋានក្រុមការងារ GBV) ខេត្តគោលដៅ ACCESS 2 ទាំងបួន អង្គការ UN Women, UNFPA, UNICEF, ACCESS 2 team ដៃគូអនុវត្ត CWCC, TPO, LAC, CARE តំណាង CSO និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត។