រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ «ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា និងក្រមសីលធម៌គ្រូពេទ្យ» ដែលរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្រូពេទ្យមិនត្រឹមតែបំពេញតួនាទីក្នុងការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន និងស្វែងយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការសិក្សាបន្ត និងការរំលឹកចំណេះដឹងឡើងវិញជាប្រចាំ គឺជាកាតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជូនអ្នកជំងឺ»។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានក្រើនរំលឹកដល់វេជ្ជបណ្ឌិត ទន្តពេទ្យ ឱសថការី ឆ្មប និងគិលានុបដ្ឋាកទាំងអស់ក្នុងមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់គោរពច្បាប់ និងក្រមសីលធម៌ ជាពិសេស ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជិកា និងស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ពីគណៈវិជ្ជាជីវៈសុខាភិបាលឱ្យបានត្រឹមត្រូវ។
កម្មវិធីនេះក៏មានការចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងពីវាគ្មិនកិត្តិយសចំនួន ២រូប៖
១. ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក.គ.ជ. បានធ្វើបទបង្ហាញអំពីច្បាប់គ្រប់គ្រងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយលើកឡើងនូវទស្សនៈ៖ «វិជ្ជាពេទ្យអាចព្យាបាលជំងឺជា ប៉ុន្តែទឹកចិត្តគ្រូពេទ្យទើបអាចព្យាបាលមនុស្សបាន»
២. ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអនុប្រធាន ក.គ.ជ. បានពន្យល់លម្អិតអំពីគោលការណ៍ក្រមសីលធម៌ស្នូលទាំង ៤ រួមមាន៖ ការគោរពស្វ័យភាព, ផលប្រយោជន៍អ្នកជំងឺ, មិនបង្កគ្រោះថ្នាក់ និងយុត្តិធម៌។
សូមបញ្ជាក់ជូនថា ពិធីនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ១៨០រូប និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ៣៩៣រូប។