ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ១៣៨នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពី អង្គសុខាភិបាល ដែលជាឯកសារគតិយុត្តិមួយផ្តល់តំលៃបន្ថែមជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ទន្ទឹមនឹងគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យការជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និង ការដឹកនាំមន្រ្តីសុខាភិបាល ដែលកំពុងបំរើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំ។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះ នៃការកសាងគុណភាពបុគ្គលិក ដែលរួមមាន៖ ១) កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និង រៀនពីកំហុសរបស់ខ្លួនឯងផង។ អង្គភាពត្រូវរៀបចំឱ្យមាន ការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិក ២) យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរ ពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក ៣) កសាងគុណធម៌សម្រាប់បុគ្គលិកដោយឱ្យបុគ្គលិកបើកចិត្តទូលាយទទួលយកការកែលម្អឥរិយាបទ របស់គេ និងផ្តល់ការបណ្តុះបណ្តាលជំនាញការងារមហាជនដល់បុគ្គលិក និង ៤)ជំរុញឱ្យ បុគ្គលិកធ្វើការសកម្មដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងការិយាល័យសុខាភិបាលស្រុកអន្លង់វែង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញឱ្យប្រជាជនមកប្រើប្រាស់សេវាឱ្យបានច្រើន ដោយជ្រើសរើសយកការជំរុញការផ្តល់ព័ត៌មានត្រឡប់របស់អ្នកជំងឺ និងការកែរលម្អឥរិយាបថរបស់អ្នកផ្តល់សេវា។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ផ្តល់ការណែនាំជូនក្រុមការងារខិតខំធ្វើ PDIA ដោយព្យាយាមបំបែកបញ្ហាដែលត្រូវដោះស្រាយឱ្យបានលំអិត ហើយត្រូវកំណត់បញ្ហាជាអាទិភាពមួយ ដែលមានទំហំសមល្មម ដែលអាចវាស់វែងបាន យកមកដោះស្រាយមុនគេ និងបន្តឈានទៅពង្រីកការដោះស្រាយនៅក្នុងកម្រិតអង្គភាព អន្តរអង្គភាព ខេត្ត និងតំបន់។