Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នៃក្រុមការងារសកម្មភាពជនពិការក្រសួងសុខាភិបាល
ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ  កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨។

កិច្ចប្រជុំមានគោលបំណងផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាសមាជិកក្រុមការងារសកម្មភាពជនពិកាក្រសួងសុខាភិបាល។   

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ  រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានលើកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកបញ្ហាសុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាអាទិភាពខ្ពស់បំផុត។ 

ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងពីទិន្នន័យជនមានពិការភាព ដែលមានការកើនឡើង ស្តែងចេញពីមូលហេតុចម្បងៗ រួមមានជំងឺឆ្លង ជំងឺមិនឆ្លង តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា ជំងឺរ៉ាំរ៉ៃ  និងបម្រែបម្រួលអាកាសធាតុ ជាដើម។ ទាំងនេះគឺជាកង្ខល់ និងជាការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈពហុវិស័យ ក្នុងនោះសុខាភិបាល បាន និងកំពុងជំរុញជាសកម្មភាពជាក់ស្តែងតាមរយៈផែនការយុទ្ធសាស្ត្រជាតិ និងយន្តការផ្សេងៗដែលមានស្រាប់ គាំទ្រនិងលើកម្ពស់សុខមាលភាពជនមានពិការភាព អោយអាចរស់នៅប្រកបដោយសមធម៌ សេចក្តីថ្លៃថ្នូរ និងបរិយាបន្ន ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលការណ៍គ្រឹះនៃអន្តរជាតិ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យក។

នាកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ បានស្នើសុំឱ្យមានកិច្ចសហការឱ្យបានកាន់តែល្អ និងប្រសិទ្ធភាព ពីគ្រប់ក្រសួងស្ថាបន័ពាក់ពន្ធ័ ទាំងសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូរអភិវឌ្ឃន៍ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងកម្រិតពិការភាព ជូនបងប្អូនមានពិការភាព ក្នុងគោលដៅគាំពារសង្គម។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមការងារសកម្មភាពជនពិការ ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រតិភូអញ្ជើញពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងតំណាងអង្គការសហប្រជាជាតិអភិវឌ្ឍន៍ធនធានមនុស្ស UNDP ក្នុងនោះចូលរួមផ្ទាល់ក្នុងបន្ទប់ប្រជុំមានចំនួន ៥៣រូប និងតាមប្រព័ន្ធនិម្មិត (Zoom) ចំនួន ២៩រូប សរុបរួមចំនួន ៨២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10