ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ ជំនួយការរដ្ឋលេខាធិការ បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) ក្នុងខេត្តកណ្តាល។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀន នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2)
៥)ការងារគ្រប់គ្រងឱសថនៅតាម មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA2)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) នៅក្នុងខេត្តកណ្ដាល ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
សូមបញ្ជាក់ថា មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា៖ ១-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រកាកោង កម្រិត(CPA2) ២-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពញាឮកម្រិត កម្រិត(CPA2) ៣-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកលើកដែក កម្រិត(CPA1) ៤-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកៀនស្វាយ កម្រិត(CPA1) ៥-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកល្វាឯម កម្រិត(CPA1) ៦-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល កម្រិត(CPA1) ៧-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកអង្គស្នួល កម្រិត(CPA1) ៨-ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង កម្រិត(CPA1)។