ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ ដោយត្រូវ ១) ពង្រឹងការដឹកនាំកាងារ និងការប្រគល់ការងារទៅមន្ត្រីក្រោមឱវាទឱ្យមានប្រសិទ្ធិភាព ២) ត្រូវពង្រឹងសេវាសុខភិបាលក្នុងប្រទេសឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការប្រើប្រាស់សេវាក្នុងស្រុក ៣) ថ្នាក់ដឹកនាំដែលពាក់ព័ន្ធត្រូវសហការ ដើម្បីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការមូលដ្ឋានសុខាភិបាលដែលរងការប៉ះពាល់ពីការឈ្លានពានព្រំដែនកម្ពុជាពីកងទ័ពថៃ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នាដើរឆ្ពោះទៅមុខ ដោយស្មារតីរឹងមាំ ភាពម្ចាស់ការ រក្សាបានភាពនឹងនរ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន ឆ្លើយតបយ៉ាងសកម្មតាមការវិវឌ្ឍន៍ ទោះបីស្ថិតក្នុងស្ថានភាពណា ក៏មន្រ្តីសុខាភិបាលត្រូវថែទាំ ពិនិត្យព្យាបាល និងនៅក្បែរប្រជាជនជានិច្ច។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។