ទីតាំងទី៣ នៃស.វ.ស៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពសាងសង់ និងដោះស្រាយបញ្ហាផ្សេងៗ ទាក់ទងនឹងការងារសាងសង់ របស់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៤៨,៧១ភាគរយ នៃផែនការគម្រោងសាងសង់។
បន្ថែមលើនេះដែរ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលហិរញ្ញប្បទានឥណទានកម្ចីពីសាធារណរដ្ឋកូរ៉េ សម្រាប់ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ គ្រោងសាងសង់ក្នុងដំណាក់កាលដំបូង ចំនួន ២០០ គ្រែ និងគ្រោងពង្រីកបន្ថែម សម្រាប់ដំណាក់កាលទី២ ចំនួន ២០០ គ្រែបន្ថែមទៀត។ មន្ទីរពេទ្យនេះ គ្រោងបំពាក់ឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យទំនើប សម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់ ក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់ តំណាង Korean Exim Bank ប្រចាំកម្ពុជា និងក្រុមការងារសាកលវិទ្យាល័យ Inje សរុបចំនួន ២០រូប។