Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ផ្នែកថែទាំ សម្រាប់គិលានុដ្ឋាក ក្រោមប្រធានបទ «ការអនុវត្ត ការថែទាំប្រកបដោយសីលធម៌ សុវត្ថិភាព គុណភាពប្រសិទ្ធភាព និងការថែទាំផ្តោតលើអ្នកជំងឺ (Patient-Centered Care)» ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង
ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ផ្នែកថែទាំសម្រាប់គិលានុដ្ឋាក ក្រោមប្រធានបទ «ការអនុវត្តការថែទាំប្រកបដោយសីលធម៌ សុវត្ថិភាព គុណភាពប្រសិទ្ធភាព និងការថែទាំផ្តោតលើអ្នកជំងឺ (Patient-Centered Care)» ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងពិធីនេះ លោកជំទាវសាស្ត្រាចារ្យ  រដ្ឋលេខាធិការ បានថ្លែងកោតសរសើរ ដោយស្មោះចំពោះលោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងការចូលរួមពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព។

លោកជំទាវសាស្រ្តាចារ្យបានបន្តថា វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល។ ការផ្តល់សេវាថែទាំអ្នកជំងឺ មិនមែនទាមទារតែជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវសីលធម៌ សុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃវិស័យសុខាភិបាល ក្នុងយុគសម័យថ្មី ដែលផ្តោតសំខាន់លើ ការថែទាំផ្តោតលើអ្នកជំងឺ (Patient Centered Care)។

ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗដូចខាងក្រោម៖

1.ស្តង់ដារសុវត្ថិភាពអ្នកជំងឺ (JCI)៖ ដើម្បីធានាថាការព្យាបាល និងថែទាំមានសុវត្ថិភាពកម្រិតអន្តរជាតិ

2.ភាពត្រឹមត្រូវទាំង៧ នៃការផ្តល់ឱសថ ដែលជាចំណុចគន្លឹះក្នុងការបង្ការកំហុសឆ្គងវេជ្ជសាស្ត្រ

3.ការថែទាំផ្ទៃពោះ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ បានណែនាំគិលានុបដ្ឋាក-យិកា និងឆ្មបទាំងអស់ យកចំណេះដឹងនេះ ទៅអនុវត្តដោយផ្ទាល់នៅតាមផ្នែករៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព នៃការថែទាំ និងកសាងទំនុកចិត្តកាន់តែខ្លាំង ពីសំណាក់ប្រជាពលរដ្ឋមកទទួលសេវា។ លោកជំទាវបានបញ្ជាក់បន្ថែមនូវសារៈសំខាន់នៃវិជ្ជាជីវៈ រួមមាន៖

១-ក្នុងកម្រិតគោលនយោបាយថ្នាក់ក្រសួងសុខាភិបាល គិលានុបដ្ឋាក និងឆ្មប គឺជាកម្លាំងចលករចម្បង ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ក្រសួងសុខាភិបាល តែងតែចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យថែទាំ ជាអាទិភាពខ្ពស់បំផុត ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយសមធម៌ សុវត្ថិភាព និងគុណភាព។ ការពង្រឹងសមត្ថភាពលើ «ផ្នែកថែទាំសម្រាប់គិលានុដ្ឋាក និងឆ្មប នៅថ្ងៃនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តពង្រឹងប្រព័ន្ធសុខាភិបាល ជាតិឱ្យកាន់តែរឹងមាំ។

២-ក្នុងកម្រិតថ្នាក់មន្ទីរពេទ្យ នៅតាមមន្ទីរពេទ្យ ដូចជាមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពជាដើម គិលានុបដ្ឋាក គឺជាអ្នកដែលនៅកៀកជាមួយអ្នកជំងឺ ២៤ម៉ោង មិនត្រឹមតែជាអ្នកផ្តល់ថ្នាំតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកការពារសុវត្ថិភាពអ្នកជំងឺ (Patient Safety) និងជាអ្នកសម្របសម្រួលដ៏សំខាន់ ជាមួយមន្ត្រីសុខាភិបាលផ្សេងទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចការពារបាន និងលើកកម្ពស់គុណភាពនៃការព្យាបាល

៣-ក្នុងកម្រិតថ្នាក់សហគមន៍ ចំពោះការថែទាំក្នុងកម្រិតសហគមន៍ គិលានុបដ្ឋាក-យិកា និងឆ្មប គឺជា អ្នកការពារជួរមុខ សារៈសំខាន់ នៃការថែទាំផ្ទៃពោះមុនសម្រាល គឺជាគន្លឹះក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការផ្តល់ការអប់រំសុខភាព និងការថែទាំតាមបែប «ផ្តោតលើអ្នកជំងឺ» នៅតាមមូលដ្ឋានសុខាភិបាល ជួយឱ្យប្រជាពលរដ្ឋ ទទួលបានការថែទាំទាន់ពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកស្រី ប្រាក់ ម៉ានីឡា តំណាងអង្គការ JCI នៅកម្ពុជា និងលោក លោកស្រី ដែលជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ឆ្មប មកពីមន្ទីរពេទ្យព្រះអង្គឌួង មនី្ទរពេទ្យសម្ព័ន្ធមេត្រីភាព និងមានការចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17