Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ​ ឡឹម តារា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ​ រួមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ និងក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ 

កិច្ចប្រជុំនេះមានគោលបំណង បូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៥ ពិភាក្សាបញ្ហាប្រឈម និងកំណត់ទិសដៅអាទិភាពសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងសេចក្តីសោមនស្សរីករាយ កោតសរសើរ និងអរគុណមកកាន់ក្រសួងសុខាភិបាល ដែលបានផ្ដល់ការគាំទ្រ ក្នុងការចូលរួម និងសហការរៀបចំកសាងយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ រហូតដល់ឯកសារដ៏មានតម្លៃនេះ បានលេចចេញជារូបរាងឡើង ដោយបន្សីជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងស្របតាមកម្មវិធីគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គភាពនានាចំណុះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8