Cambodia
ព័ត៌មានលំអិត

Image
ពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “មណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ (Vision Intelligent Management Center – VIMC)” នៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកគងពិសី ខេត្តកំពង់ស្ពឺ
ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៦

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “មណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ (Vision Intelligent Management Center – VIMC)” នៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកគងពិសី ខេត្តកំពង់ស្ពឺ។ 

តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីជាតិសុខភាពភ្នែក និងមជ្ឈមណ្ឌលការពារ និងព្យាបាលជំងឺភ្នែកសៀងហៃ ក្រោមការគាំទ្រសម្របសម្រួលពី មូលនិធិហ្រ្វេដហូឡូ បានបង្កើតនូវគម្រោងនេះឡើង ដែលជាជំហានថ្មីមួយទៀត សម្រាប់វិស័យសុខាភិបាលកម្ពុជា ជាពិសេសវិស័យសុខភាពភ្នែក ដែលបាននវានុវត្តន៍ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការពិនិត្យស្វែងរក និងព្យាបាលជំងឺភ្នែកឱ្យបានទាន់ពេលវេលា សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

តាមរយៈគម្រោងនេះ យើងអាចជួយបង្ការការបាត់បង់គំហើញ ជាពិសេសចំពោះអ្នកមានបញ្ហា និងកំហុសកំណុំរូបភាព ជំងឺទឹកដក់ក្នុងភ្នែក អ្នកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម។ ជំងឺទឹកនោមផ្អែមគឺជាបញ្ហាសុខភាពសាធារណៈ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក គម្រោងមណ្ឌលគ្រប់គ្រងសុខភាពភ្នែកឆ្លាតវៃ នឹងលើកកម្ពស់ការបម្រើសេវាពិនិត្យវាស់គំហើញ ថតរូបបាតភ្នែក និងធ្វើរោគវិនិច្ឆ័យបាន ដោយមានជំនួយពីបញ្ញាសិប្បនិម្មិត(AI) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឆ្លាតវៃ ដែលធានាសុវត្ថិភាពព័ត៌មានអ្នកជំងឺ និងអាចអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ពីចម្ងាយជាមួយអ្នកជំនាញ ព្រមទាំងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ បានទាន់ពេលវេលា ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងការធ្វើទំនើបកម្មវិស័យសុខាភិបាលតាមបែបឌីជីថល។ 

បន្ថែមពីនេះ ក្រោមការណែនាំ និងចង្អុលបង្ហាញពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងការគាំទ្រពីថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពភ្នែកនឹងអនុវត្តផែនការបន្តបន្ទាប់ទៀត ក្នុងវិស័យចក្ខុសាស្ត្រ ដើម្បីធ្វើយ៉ាងណាគ្របដណ្តប់ការផ្តល់សេវាសុខភាពភ្នែកដល់គ្រប់មណ្ឌលសុខភាពឱ្យខិតទៅកាន់តែគៀកនឹងប្រជាពលរដ្ឋបំផុត ស្របតាមផែនការយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍មួយចំនួន ដូចតទៅ៖

- បុគ្គលិកមន្រ្តីរាជការ មន្ទីរពេទ្យទាំងពីរ ត្រូវយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើបនេះ ដើម្បីបម្រើសេវាពិនិត្យព្យាបាលភ្នែក ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់

- ផ្សព្វផ្សាយលើកទឹកចិត្ត ជំរុញឱ្យអ្នកជំងឺ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺភ្នែក និងជំងឺផ្សេងទៀត

- បន្តពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមការងារបច្ចេកទេសឱ្យរលូន ដើម្បីធានាគុណភាពទិន្នន័យ និងការពង្រីកគម្រោងនាពេលអនាគត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18