រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំ គម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទាំង១២ និងលទ្ធផលរំពឹងទុក(Outputs)ទាំង២៧ នៃគម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥
២. កំណត់ជំហានបន្ទាប់នៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំ មានការធ្វើបទបង្ហាញវឌ្ឍនភាពគម្រោងពីជនបង្គោលនៃគម្រោងនីមួយៗអំពីការសម្រេចបាន បញ្ហាប្រឈម និងការពិភាក្សាស្នើសុំអនុសាសន៍ ពីក្រុមការងារ ដើម្បីឱ្យដំណើរការអនុវត្តគម្រោងកាន់តែមានភាពល្អប្រសើរឡើង។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងសកម្មក្នុងការផ្តល់នូវមតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ពីភាគីពាក់ព័ន្ធ ដែលគាំទ្រដល់ការដោះស្រាយបញ្ហាប្រឈម សម្រាប់ការអនុវត្តម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ និងដែលគាំទ្រដល់ការសម្រេចបាននូវយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលកំពុងមានការកើនឡើងនៅទូទាំងសាកលលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ និងជំហានបន្ទាប់លើចំណុចមួយចំនួនរួមមាន៖
១.រៀបចំកិច្ចប្រជុំដើម្បីបញ្ចប់នីតិវិធីប្រតិបត្តិស្តង់ដាជាតិសម្រាប់ការថែទាំព្យាបាលសម្រន់ដល់អ្នកជំងឺមហារីក ដោយពិនិត្យលើផ្នែកបញ្ជីឱសថចាំបាច់ក្នុងការព្យាបាលសម្រន់
២. រៀបចំធ្វើផែនការបង្កើនសមត្ថភាព និងការបណ្តុះបណ្តាលធនធានផ្នែកជំងឺមហារីក ដោយមានការចូលរួមពីនាយកដ្ឋាន និងគ្រឹះស្ថានបណ្តុះបណ្តាលពាក់ព័ន្ធ
៣. បញ្ចូលនូវជំងឺមហារីកកុមារជាផ្នែកមួយនៃគម្រោងប្រយុទ្ធនឹងជំងឺមហារីក។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ City Cancer Challenge ដែលបានផ្ដល់ការគាំទ្រលើគម្រោងដ៏មានសារៈសំខាន់នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សា និងថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព ថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាសមាជិកក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ និងអង្គការជាដៃគូ និងតាមប្រព័ន្ធនិមិត្ត(Zoom) ពីសមាជិកក្រុមការងារការិយាល័យតំបន់របស់អង្គការC/Can។