នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅមនី្ទរពេទ្យព្រះអង្គឌួង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាគណៈគ្រូពេទ្យ បានពិចារណាឃើញថា រហូតមកដល់បច្ចុប្បន្ន យើងមានគ្រូពេទ្យរបស់យើងជាអ្នកឯកទេស ហើយមានបទពិសោធន៍ជំនាញ ភាពប៉ិនប្រសប់ គឺមានចំនួនច្រើន ក៏ប៉ុន្តែនៅដំណើរការ នៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ឬនៅឯកជននោះ ពេលខ្លះយើងឃើញថានៅមានការខ្វះខាត ហើយការខ្វះខាត និងខ្វះចន្លោះនោះ គឺយើងបានឃើញទាំងអស់គ្នា វាស្តែងចេញតាមរយៈបាតុភាពវិជ្ជាជីវៈ ក្នុងន័យនេះយើងបានដឹងច្បាស់ បច្ចុប្បន្ននេះ ពេលមានបាតុភាព គឺវាឈានទៅដល់ការមិនពេញចិត្ត ដូច្នេះសាធារណៈជន និងក្រុមគ្រួសារអ្នកជំងឺ តែងតែត្អូញត្អែរតាមបណ្តាញសង្គមផ្សេងៗ។
តាមរយៈនៃការសិក្សាស្រាវជ្រាវអំពីមូលហេតុ របស់បាតុភាពមួយចំនួនធំ តែងតែមាន និងបណ្តាលមកពីការខ្វះខាតលើការគិត ការពិចារណា ដែលការសម្រេចចិត្តអ្វីផ្សេងៗ ដោយមិនឈរលើគោលការណ៍នៃក្រមសីលធម៌នោះ។ ដូច្នេះហើយបានជាគណៈគ្រូពេទ្យ គណៈវិជ្ជាជីវៈទាំងអស់ ខិតខំផ្សព្វផ្សាយ និងរំលឹក ដើម្បីឲ្យបងប្អូនយើងទាំងអស់ ដែលជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គឺខិតខំរំលឹកឡើងវិញនូវគោលការណ៍នៃក្រមសីលធម៌នេះ និងប្រើប្រាស់ជាត្រីវិស័យ នៃការសម្រេចចិត្ត ក្នុងការបម្រើសេវាសុខាភិបាល ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការសម្រេចចិត្តក្នុងការព្យាបាល ដោយឈរលើគោលការណ៍នៃក្រមសីលធម៌ គឺការសម្រេចចិត្តរបស់យើងមិនខ្វះចន្លោះនោះទេ។
នៅក្នុងពិធីនេះ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានសម្តែងនូវការចាប់អារម្មណ៍ ការផ្សព្វផ្សាយច្បាប់នេះ ជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការការពារ និងលើកកម្ពស់សុខភាព សុខុមាលភាពរបស់អ្នកជំងឺ។ ការគោរព និងអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃវិជ្ជាជីវៈ ដែលគ្រូពេទ្យ និងអ្នកបម្រើសេវាសុខាភិបាលគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់ យ៉ាងស្មោះត្រង់ ជាប់លាប់ និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាគន្លឹះសំខាន់ ក្នុងការធានាទំនុកចិត្តពីប្រជាជន សង្គមជាតិ និងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ឱ្យមានភាពរឹងមាំ និងចីរភាព។
សូមបញ្ជាក់ជូនថា ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង និងអ្នកពាក់ព័ន្ធ។