ខេត្តកំពត៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ ជំនួយការរដ្ឋលេខាធិការ បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកខេត្តកំពត (CPA3) មន្ទីរពេទ្យបង្អែកស្រុក (CPA2) មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមណ្ឌលសុខភាពមើលការងារគ្រប់គ្រងមណ្ឌលទាំងមូល។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
៣) អនាម័យក្នុង និងក្រៅមណ្ឌលសុខភាព
៤) អនាម័យក្នុងឃ្លាំងឱសថ
៥) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក (CPA1) មន្ទីរពេទ្យបង្អែកស្រុក (CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពត (CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកស្រុក (CPA1) មន្ទីរពេទ្យបង្អែកស្រុក (CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពត(CPA3) នៅក្នុងខេត្តកំពត ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំមន្រ្តីសុខាភិបាលទាំងអស់ បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្តកំពត(CPA3) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកឈូក (CPA2) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច (CPA2) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកអង្គជ័យ (CPA2) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា (CPA1) និងមណ្ឌលសុខភាពឈូក, បឹងនិមល, អង្គរមាស។