Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាផែនការសកម្មភាពជាតិសុខភាពសិក្សា ឆ្នាំ២០២៦-២០៣០ នៃក្រសួងសុខាភិបាល
ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពសិក្សាក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព និងពិភាក្សាផែនការសកម្មភាពជាតិសុខភាពសិក្សា ឆ្នាំ២០២៦-២០៣០។

គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖

-ពិនិត្យវឌ្ឍនភាព នៃការអនុវត្តកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៥ នៅតាមមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត 

-ពិភាក្សាលើបញ្ហាប្រឈម និងសមិទ្ធផលដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាផែនការសកម្មភាពជាតិសុខភាពសិក្សា ឆ្នាំ២០២៦-២០៣០

-ផ្សព្វផ្សាយ បទបញ្ជាស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបានផ្តល់អនុសាសន៍ណែនាំ ពង្រឹងការវាយតម្លៃលើសមិទ្ធផលដែលសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យបានសង្កត់ធ្ងន់ លើការផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការនាំចូល និងប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា ដើម្បីការពារសុខុមាលភាពរបស់អ្នកសិក្សា និងបានលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសសិស្ស និងនិសិត្ស។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់នូវការណែនាំ ក្នុងការកែលម្អទម្រង់របាយការណ៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកិច្ចការងារសុខភាពសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃ រដ្ឋបាលរាជធានី ខេត្ត និងលោក លោកស្រី អញ្ជើញមកពីមជ្ឈមណ្ឌលជាតិ និងនាយកដ្ឋាន នៃក្រុមការងារសុខភាពសិក្សា នៃក្រសួងសុខាភិបាល ព្រមទាំងលោក លោកស្រី នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាប់ព្រំដែន បានចូលរួមតាមប្រព័ន្ធ Zoom ដែលមានសមាសភាពចូលរួម សរុបចំនួន ៨២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17