រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៣ ខែមករាឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមកាងារសម្របសម្រួលការចុះបញ្ជីជំងឺមហារីក នៅរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបច្ចេកទេស លើសេចក្តីសង្ខេបទិន្នន័យ (Data Briefs)ទាក់ទងជំងឺមិនឆ្លង (NCD and CVD) និងការងារចុះបញ្ជីជំងឺមហារីក រៀបចំឡើងដោយក្រុមការងារនៃក្រសួងសុខាភិបាល និងគាំទ្រដោយអង្គការ Vital Strategies។
កិច្ចប្រជុំ បានពិនិត្យលើលទ្ធផលការវិភាគទិន្នន័យ និងការរៀនចំ Data Briefs ទាក់ទងជំងឺមិនឆ្លងមាន ៣ប្រធានបទ៖
១. ទិន្នន័យមរណភាពនៃជំងឺមិនឆ្លង (NCDs mortality data)
២. ការជំរុញការថែទាំជំងឺសរសៃឈាមបេះដូង CVD ដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់ដំណាក់កាលនៃការថែទាំបន្តជំងឺមិនឆ្លងនៅកម្ពុជា
៣. ពិនិត្យរៀបចំការភ្ជាប់រវាងប្រព័ន្ធ CanReg5 ជាមួយនឹងប្រព័ន្ធ DHIS2 ដើម្បីធានានូវនិរន្តរភាពក្នុងការគ្រប់គ្រងការចុះបញ្ជីជំងឺមហារីកនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍លើចំនុចមួយចំនួនរួមមាន៖
១. ពង្រឹង និងកែលម្អការប្រើប្រាស់ទិន្នន័យមូលដ្ឋាន ដោយកែលម្អការគ្របដណ្តប់ ការប្រមូលទិន្នន័យ (បរិមាណ) និងគុណភាពទិន្នន័យឱ្យបានសមស្រប
២. ក្រុមការងារនេះគួរមានការប្រជុំបង្ហាញលទ្ធផលពីការវិភាគទិន្នន័យ និងរបាយការណ៍ជាទៀងទាត់ រៀងរាល់៦ខែម្ដង
៣. ពិនិត្យរៀបចំប្រព័ន្ធសុខាភិបាលឌីជីថលដោយប្រើប្រាស់ សម្រាប់ការប្រមូល ការកត់ត្រាទិន្នន័យជំងឺមហារីក និងរៀបចំផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦-២០២៧។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខាភិបាលឌីជីថល វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងក្រុមការងារចុះបញ្ជីជំងឺមហារីកមកពីមន្ទីរពេទ្យជាតិ សរុបចំនួន ៣០រូប។