រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទវិទ្យាសាស្ត្រ លើកទី១ នៃសមាគមរោគសាស្ត្រកម្ពុជា ដែលរៀបចំឡើងក្រោមប្រធានបទ
“រោគវិនិច្ឆ័យត្រឹមត្រូវ នាំឱ្យការព្យាបាលជោគជ័យ”។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់យ៉ាងច្បាស់ពី តួនាទីស្នូលនៃវិស័យរោគសាស្ត្រ (Pathology) ក្នុងប្រព័ន្ធសុខាភិបាល ដោយការធ្វើរោគវិនិច្ឆ័យមានភាពត្រឹមត្រូវ ទាន់ពេល និងមានគុណភាព គឺជាគ្រឹះសំខាន់សម្រាប់ការសម្រេចចិត្តព្យាបាលបានត្រឹមត្រូវ កាត់បន្ថយកំហុសឆ្គងវេជ្ជសាស្ត្រ និងធានាលទ្ធផលព្យាបាលល្អប្រសើរសម្រាប់អ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់ សមាគមរោគសាស្ត្រកម្ពុជា ក្នុងការប្រមូលផ្តុំអ្នកជំនាញពាក់ព័ន្ធ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ បណ្តុះបណ្តាលបន្ត និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអ្នកជំនាញវិភាគរោគសាស្ត្រ និងគ្រូពេទ្យពិនិត្យព្យាបាល និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ដើម្បីរួមគ្នាពង្រឹង គុណភាពសេវារោគសាស្ត្រអើឱ្យបានល្អប្រសើរ។
ដើម្បីចូលរួមក្នុងគោលនយោបាយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលកំពុងអនុវត្តយ៉ាងសកម្មនូវចក្ខុវិស័យ គ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើសេវាសុខាភិបាលមានគុណភាព សុវត្ថិភាព និងសមភាព។ ក្នុងន័យនេះ សេវារោគសាស្ត្រ គឺជាផ្នែកមូលដ្ឋានសំខាន់ ក្នុងការធានា Quality of Care និង Patient Safety ព្រមទាំងជួយកាត់បន្ថយការព្យាបាលមិនសមស្រប និងការចំណាយមិនចាំបាច់។
សន្និសីទនេះ មានការចួលរួមពីអ្នកជំនាញ រោគសាស្ត្រ និងគ្រូពេទ្យព្យាបាលពាក់ព័ន្ធជាច្រើននាក់ដោយមានវាគ្មិនអន្តរជាតិល្បីៗផងដែរ។