ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចដំណើរការថ្ងៃទី១ នៃអង្គសន្និបាតសុខាភិបាលលើកទៅ៤៥ ថ្នាក់ដឹកនាំសុខាបាល មន្រ្តីសុខាភិបាលពហុជំនាញ ថ្នាក់ដឹកនាំមូលដ្ឋាន ថ្នាក់ដឹកនាំតំណាងអន្តរស្ថាបន័ ដៃគូរអភិវឌ្ឍន៍ បានចូលរួមយ៉ាងសកម្ម និងផុសផុល នៅតាមក្រុមនីមួយៗ ក្នុងការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសកម្មភាពអាទិភាព ដើម្បីពិភាក្សារួមគ្នា និងផ្តល់ជាធាតុចូល ក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅឆ្នាំ២០៣៥ ពោលគឺ «មិនទុកឱ្យអ្នកណាម្នាក់មិនទទួលបានសេវាសុខាបាលនោះទេ»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមផ្តល់នូវអនុសាសន៍គន្លឹះបន្ថែមជាធាតុចូល និងបញ្ជាក់ពីជំហរគាំទ្រលើកិច្ចពិភាក្សាទាំងឡាយផងដែរ។
សូមគូសបញ្ជាក់ថា ការបែងចែងក្រុមពិភាក្សាមានចំនួន ៥ក្រុម ដូចខាងក្រោម៖
-ក្រុមទី១៖ ពិភាក្សាអំពីជំងឺមិនឆ្លង និងសុខភាពផ្លូវចិត្ត ដោយបង្ហាញពីការបង្ការ ការគ្រប់គ្រងជំងឺមហារីក និងការគាំទ្រចិត្ត សង្គម ក្នុងគ្រោះអាសន្នសុខភាពសាធារណៈ
-ក្រុមទី២៖ ពិភាក្សាអំពីសុខភាពមាតា ទារក និងកុមារ ដោយផ្តោតសំខាន់លើការកាត់បន្ថយមរណភាពមាតា និងទារក ត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល អង្គភាពពាក់ព័ន្ធ និងសហគមន៍ ដើម្បីធានាថាមាតា និងទារក ទទួលបានសេវាថែទាំប្រកបដោយគុណភាព និងទាន់ពេលវេលា
-ក្រុមទី៣៖ ពិភាក្សាអំពីសុខភាពតែមួយ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយ AMR គឺជាបញ្ហាសុខភាពសាធារណៈ ដែលទាមទារឱ្យមានការចូលរួមពីពហុវិស័យ និងពហុជំនាញ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព នៃសេវាថែទាំ ព្យាបាល នៅគ្រប់មូលដ្ឋានសាធារណៈ និងឯកជន
-ក្រុមទី៤៖ ពិភាក្សាអំពីគុណភាពសេវាថែទាំសុខភាព និងសុវត្ថិភាពអ្នកជំងឺ ដោយផ្តោតទៅលើសសរស្តម្ភ ៤គឺ៖ ការលើកកម្ពស់ការថែទាំសុខាភាពបឋម (PHC-BIF), ការពង្រឹងសុវត្ថិភាពអ្នកជំងឺ (patient safetypathway), ការធានាគុណភាពសេវាសុខាភិបាល (quality improvement) ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន និងគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាគុណតម្លៃសកល (medical and moral ethics)
-ក្រុមទី៥៖ ពិភាក្សាអំពីបរិវត្តកម្មសុខាភិបាលឌីជីថល ដោយពិនិត្យមើលផែនការគោល នៃប្រព័ន្ធសុខាភិបាលឌីជីថល ក្នុងការផ្លាស់ប្តូរដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងយុគ្គសម័យថ្មី សម្រាប់ការគាំទ្រវិស័យសុខាភិបាល។