Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកដឹកនាំពិតជាសំខាន់ណាស់ ក្នុងអង្គភាពសុខភាពសាធារណៈសម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ »
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការដាក់ឱ្យអនុវត្តគម្រោងសុខភាពភ្នែក និងឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំជាមួយដៃគូអនុវត្តគម្រោង នៅសណ្ឋាគារកាំបូឌីយ៉ាណា។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាសុខភាពភ្នែកនៅតែជាបន្ទុកមួយដល់ប្រជាពលរដ្ឋយើង។ ភាពពិការភ្នែកប្រមាណ ៩០% អាចជៀសវាងបាន ឬព្យាបាលបាន ប្រសិនប្រជាពលរដ្ឋទទួលបានសេវាព្យាបាលទាន់ពេលវេលា ហើយប្រកបដោយគុណភាព។ ដូច្នេះ ការដាក់ឱ្យអនុវត្តគម្រោងថ្មីៗនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ៧ចំណុច ដល់សមាជិកអង្គពិធីទាំងមូល ដើម្បីមានប្រសិទ្ធភាពខ្ពស់ និងស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដូចជា៖ 

១). សូមថ្នាក់ដឹកនាំ តាមបណ្តាអង្គភាពទាំងអស់ អ្នកគ្រប់គ្រងកម្មវិធីទាំងឡាយនៅក្នុង និងក្រោមចំណុះក្រសួងសុខាភិបាល យកចិត្តទុកដាក់នូវចំណុចល្អរបស់កម្មវិធីសុខភាពភ្នែកនេះធ្វើជាឧទាហរណ៍ល្អសម្រាប់ការអនុវត្តការងាររបស់ខ្លួនដែលជាប្រចាំថ្ងៃ។

២). កម្មវិធីនេះពិតជាពេលវេលា ដែលនាំមកនូវសារៈសំខាន់ និងផលវិជ្ជមាន សម្រាប់មូលដ្ឋានសុខាភិបាលទាំងអស់ ក៏ដូចជាសារៈសំខាន់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់យើងទាំងអស់ដូចគ្នា។

៣). មណ្ឌលសុខភាព មន្ទីរពេទ្យខេត្តក្រុង-ស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ត្រូវឱ្យទៅជាបណ្តាញពិគ្រោះ ជាមួយអ្នកមានបញ្ហាសុខភាពភ្នែក ដើម្បីបញ្ជូនប្រជាពលរដ្ឋមកកន្លែងដោះស្រាយវះកាត់ដែលអាចធ្វើបាន។

៤). ត្រូវវាស់វែងការរួមបញ្ចូល (Integrations) កំរិតគុណភាពរបស់មន្ទីរពេទ្យស្រុកខេត្ត ដោយរបៀបសាមញ្ញងាយយល់ និងផ្តាំផ្ញើទៅខាងផ្នែកសុខភាពមាត់ធ្មេញ ជំរុញឱ្យមានការអនុវត្តនូវស្តង់ដាប្រតិបត្តិសម្រាប់ជាការបណ្តុះបណ្តាលបន្ថែមនៅតាមមូលដ្ឋានសុខភាពសាធារណៈ​ ផងដែរ។

៥). ទំនាក់ទំនងសុខភាពភ្នែកនេះ ជាមួយជំងឺមិនឆ្លង ដែលមានពាក់ព័ន្ធដូចជាទឹកនោមផ្អែមជាដើម ដើម្បីងាយស្រួលក្នុងការយកព័ត៌មានគ្នាទៅវិញទៅមក។

៦). ត្រូវយកចិត្តទុកដាក់លើកិច្ចការប្រព័ន្ធអេអាយ (AI) ដែលមានការទាក់ទងនឹងសុខភាពភ្នែកនេះ ដើម្បីយកវិភាគឱ្យបានដឹងពីកម្រិតការជួយរបស់ (AI) ជៀសវាងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

៧). សូមស្វែងយល់ក្នុងការបញ្ជ្រៀបតាមរយៈកម្មវិធី ឬមូលនីធិសាលារៀន ដើម្បីមានដោះស្រាយជួយសម្រួលដល់សិស្សានុសិស្ស ពិសេសជាកុមារក្រីក្រដែលត្រូវការជំនួយទៅលើបញ្ហាសុខភាពភ្នែក។

ជាទីបញ្ចាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរចំពោះ កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិហ្វេ្រដហូឡូ  ដែលបានខិតខំប្រឹងប្រែង សហការគ្នាយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ​រហូតសម្រេចបាននូវសមិទ្ធផលការងារជាច្រើន​ក្នុងឆ្នាំកន្លងទៅ និងបានកៀរគរធនធានបន្ថែមពី មូលនិធិប្ល៊ូមបឺក សម្រាប់រយៈពេល២ឆ្នាំ ដើម្បីរួមចំណែកបន្តបេសកកម្មកាត់បន្ថយភាពពិការភ្នែក ដែលអាចជៀសវាងបាននៅប្រទេសកម្ពុជា។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយកមូលនិធិហ្វេ្រដហូឡូ ប្រចាំប្រទេសកម្ពុជា (The Fred Hollows Foundation) និងដៃគូអភិវឌ្ឍន៍ សរុប ១២០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18