រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាអំពីច្បាប់ ស្តីពីសារៈសំខាន់នៃអភិបាលកិច្ចទិន្នន័យ ដែលរៀបចំឡើងដោយ អង្គការមូលនិធិកុងរ៉ាដ អាឌេណាវ័រ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចពិភាក្សា មានគោលបំណងស្វែងរកដំណោះស្រាយសម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយតម្លាភាព សីលធម៌វិជាជីវៈ និងចីរភាព ដែលរាល់ការច្នៃប្រឌិតផ្នែកឌីជីថលទាំងអស់ នឹងមិនប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់បុគ្គល។ ការពិភាក្សានេះ បានផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា៖
-ចែករំលែកចំណេះដឹង និងបទពិសោធន៍ សម្រាប់ភាគី និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈមថ្មីៗនៃការគ្រប់គ្រងទិន្នន័យដែលកំពុងតែកើតមាន
-ពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយបញ្ហា តាមទស្សនៈនៃវិស័យផ្សេងៗ
-បង្កើត និងផ្តល់យោបល់ជាគោលនយោបាយ សម្រាប់យកទៅរៀបចំច្បាប់ ដើម្បីការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់បុគ្គល។
ក្នុងវេទិកានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត អនុរដ្ឋលេខាធិការ ក៏បានអញ្ជើញឡើងធ្វើជាវាគ្មិនកិត្តិយស ពិភាក្សាលើប្រធានបទ៖ "ការធ្វើអភិបាលកិច្ចទិន្នន័យ ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ និងវិស័យសុខាភិបាល"
សូមបញ្ជាក់ជូនថា វេទិកាពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី និងកញ្ញា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចំនួន ៧០រូប។