Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងការបរិច្ចាគ ការផ្សំកោសិកា ជាលិកា និងសរីរាង្គមនុស្ស
ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦


ទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលក្នុងការបរិច្ចាគ ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យលើវឌ្ឍនភាពនៃការត្រៀមលក្ខណៈក្នុងការអនុវត្តការងារការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សនៅមន្ទីរពេទ្យជាតិ ដែលមានសមត្ថភាពបច្ចេកទេសខ្ពស់។


កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មាធិការគ្រប់គ្រង ត្រួតពិនិត្យ និងអនុញ្ញាតដល់មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលក្នុងការបរិច្ចាគ ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស

២-បទបង្ហាញស្ដីពីវឌ្ឍនភាព នៃសកម្មភាពការងារគណៈកម្មការ សម្រាប់ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្សរបស់មន្ទីរពេទ្យជាតិទាំង ៣គឺ៖ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ស្ដីពីការងារចាប់ផ្ដើមសកម្មភាពវះកាត់ប្ដូរតម្រងនោម (Renal Transplantation) នៅកម្ពុជា

៣-កិច្ចពិភាក្សារួមរកដំណោះស្រាយនូវបញ្ហាប្រឈម។


ក្រោយពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការ សម្រាប់ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្សរបស់មន្ទីរពេទ្យជាតិទាំង៣ និងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរួចមក អង្គប្រជុំទាំងមូលបានសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពវះកាត់ប្ដូរតម្រងនោម (Renal Transplantation) លើកដំបូងនៅកម្ពុជានឹងអាចចាប់ផ្ដើមនាពេលខាងមុខឆាប់ៗនេះ។ 


អង្គប្រជុំមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឱ្យបានសម្រេចលទ្ធផលល្អ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព រួមចំណែកឱ្យសម្រេចបាននូវគោលនយោបាយជាតិ គ្របដណ្តប់សុខភាពជាសកល។


គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយក នាយករងមន្ទីរពេទ្យជាតិ និងលោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសរុបចំនួន ២៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8