ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ច ជាប់ជាប្រចាំនៅទីទួលសុវត្ថិភាព ក្នុងវត្តសំវរៈ ហៅវត្តបាក់កាំ និងមណ្ឌលសុវត្ថិភាព វត្តពោធិ៍សិលារាម។
ក្នុងឱកាសចុះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីនឹករលឹក និងថ្លែងអំណរគុណ វាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលខិតខំប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចុះពិនិត្យដោយផ្ទាល់ជាមួយក្រុមការងារ អំពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យ ដែលរួមមាន៖ កន្លែងស្នាក់នៅ បន្ទប់ទឹក ការហូបចុក និងក្រុមប្រចាំការនៅទីទួលសុវត្ថិភាព ដែលបាន និងកំពុងដើរតួនាទីសំខាន់ក្នុងនាមជាកងទ័ពអាវស ជាគ្រូពេទ្យជំលៀស តែមានស្មារតីខ្ពស់ រឹងមាំ គាំទ្រខិតខំបំពេញតួនាទីបម្រើសេវាថែទាំព្យាបាល និងផ្តល់ការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាប់ជាប្រចាំ។