រដ្ឋមន្រ្តីសុខាភិបាល៖ «កោតសរសើរនូវវីរភាពក្លាហាន ស្មារតីរឹងមាំ ឆន្ទះមោះមុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ» ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅ មណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ជាប់ព្រំដែនកម្ពុជា-ថៃ
ក្នុងឱកាសចុះទស្សនកិច្ច និងសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរមន្ត្រីសុខាភិបាល ដែលបានបង្ហាញពីស្មារតីរឹងមាំ ការខិតខំប្រឹងប្រែង និងការបម្រើសេវាសុខភាពដោយអស់ពីកម្លាំងកាយចិត្ត ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីធានាបានថាប្រជាពលរដ្ឋទទួលនូវសេវាសុខភាពបន្ត និងពេញលេញ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្គាល់ «សមត្ថភាព ក្នុងការបន្តផ្តល់សេវាសុខភាព ដែលពេញលេញជូនប្រជាពលរដ្ឋ និងជនភៀសសឹកក្នុងអំឡុងពេលគ្រាអាសន្ន បានបង្ហាញពីភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់យើង»។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់ជូនសេវាសុខភាពដល់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា នេះជាលើកទី២ នៃការចុះពិនិត្យផ្ទាល់របស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅមណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ដែលបានដាក់ដំណើរឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកងទ័ពថៃ។
ខេត្តព្រះវិហារ៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦