ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវក្តីនឹករលឹក និងមោទនភាពខ្ពស់ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍របស់មណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលគ្រប់រូប និងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តពង្រឹងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរនូវការ ខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្ររបស់មន្ត្រីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែល «គ្រូពេទ្យគ្រប់រូប គឺជាស្នូលសំខាន់របស់សុខាភិបាល» ធ្វើឱ្យប្រព័ន្ធសុខាភិបាលអាចដំណើរការបានប្រសើរឡើងជាបន្តបន្ទាប់។