Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ភាពរឹងមាំរបស់សុខាភិបាល ដែលកាន់តែប្រសើរជាលំដាប់!»
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ នាល្ងាចថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បាននាំយកនូវកញ្ចប់សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា តាមរយៈក្រសួងសុខាភិបាល ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ និងជួយដល់ស្រ្តីរងគ្រោះ មាតា និងទារកទើបនឹងកើត។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងមតិផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ បងប្អូនជនភៀសសឹក និងវីរកងទ័ព នៅតាមតំបន់ព្រំដែនយ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះវីរភាពដ៏ថ្លៃថ្លា ការតស៊ូលះបង់ខ្ពស់ ផ្តូរផ្តាច់ និងភាពរឹងមាំរបស់មន្ត្រីសុខាភិបាល ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដើម្បីលើកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបជូនថា ក្នុងដំណើរបេសកកម្មរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូសុខាភិបាល រយៈពេល ២ថ្ងៃនេះ នៅថ្ងៃទី៣១ មករា និងថ្ងៃទី១ ខែកុម្ភៈ បានចុះពិនិត្យមូលដ្ឋានសុខាភិបាលដំណើរការ និងបើកដំណើរការឡើងវិញ (ផ្អាកអំឡុងពេលមានបញ្ហាព្រំដែន) នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចុះពិនិត្យដោយផ្ទាល់នូវការរៀបចំស្តារ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីបន្តនិរន្តរភាព ឱ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំ ព្យាបាលនោះទេ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15