Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ 

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ លោកជំទាវបណ្ឌិត សូមជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។

កម្មវិធីវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក (Cambodian Health Professionals Association of America – CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា។ កម្មវិធីមានគោលបំណងផ្តល់សេវាវះកាត់បេះដូងពីកំណើតដល់កុមារកម្ពុជា ជាពិសេស កុមារក្រីក្រ និងគ្រួសារខ្វះខាត ដែលមិនអាចទទួលបានសេវាឯកទេសនេះដោយខ្លួនឯង។

កម្មវិធីនេះ គឺជាគម្រោងរយៈពេល ៣ឆ្នាំ ដែលផ្តោតលើការផ្តល់សេវាវះកាត់បេះដូង ការត្រួតពិនិត្យ និងតាមដានអ្នកជំងឺ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា ការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រ ទំនើប និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃកម្មវិធីវះកាត់បេះដូងកុមារ នៅកម្ពុជា។

សូមជ្រាបជូនថា ចាប់ពីថ្ងៃពិធីបើកដំណើរគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិ អាណាព្យាបាល អាចនាំកូនមានជំងឺបេះដូងអាចមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលពីសុខភាពបេះដូងរបស់កូនៗ ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកុមារជាតិ ធ្វើរោគវិនិច្ឆ័យឱ្យបានជាក់លាក់ នឹងត្រៀមសម្រាប់ការព្យាបាល និងវះកាត់បេះដូងជាបន្តបន្ទាប់។

រាជធានីភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18