ខេត្តកែប៖ ពីថ្ងៃទី២ ដល់ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព ស្ថានភាពការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកែប។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ឱ្យកាន់តែប្រសើរឡើង ដោយផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
២) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៣) ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំអ្នកជំងឺ
៤) ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
៥) ការបណ្តុះបណ្តាលបន្ថែម លើបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
៦) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារពេទ្យ
៧) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ/សប្តាហ៍
៨) ការជំរុញការថែទាំ និង លើកកំពស់ការផ្តល់សេវាសុខភាពបឋម
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ជូនថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពពងទឹក, ដង្កោល, ចំការបី, ព្រៃធំ និង អូរក្រសារ។