ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ (CPA3) មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមណ្ឌលសុខភាព។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព
៣) អនាម័យក្នុង និងក្រៅមណ្ឌលសុខភាព
៤) អនាម័យក្នុងឃ្លាំងឱសថ
៥) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៦) ត្រួតពិនិត្យការងារគ្រប់គ្រងឱសថញៀន
៧) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់(CPA3) នៅក្នុងខេត្តពោធិ៍សាត់ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងបម្រើសេវាគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មូលដ្ឋានសុខាភិបាលដែលចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់(CPA3) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកក្រគរ (CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ (CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកបាកាន (CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកកណ្ដៀង (CPA1) និងមណ្ឌលសុខភាពស្នាអន្សា អូរសណ្ដាន់ និងសំរោង ។