រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើក កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងសម្រាប់ការរៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ លើប្រធានបទ ការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តដោយអំពើហិង្សានៅសហគមន៍ ដោយបានរៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅសណ្ឋាគារ និងអឺផាតម៉ិន លុច្សស៊ីធី។
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងនាថ្ងៃនេះ មានគោលបំណងប្រមូលធាតុចូល និងស្នើសុំយោបល់ពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយសុខភាពសាធារណៈ លើប្រធានបទ ការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តដោយអំពើហិង្សានៅសហគមន៍។
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងនាថ្ងៃនេះ មានការគាំទ្រពីអង្គការ Vital Strategies និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្រ្តីជំនាញដែលអញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ប្រមាណ៣០រូប។