រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក សិក្ខាសាលាពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយនិងផែនការយុទ្ធសាស្ត្រ ស្តីពីសមធម៌សុខភាពជនមានពិការភាព និងស្តារលទ្ធភាពពលកម្មក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣០។
សិក្ខាសាលានេះ មានគោលបំណង ពិនិត្យ និងប្រមូលធាតុចូលពីស្ថាប័នពាក់ពន្ធ លើសេចក្ដីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ស្តីពីសមធម៌សុខភាពជនមានពិការភាព និងស្តារលទ្ធភាពពលកម្មក្នុងមូលដ្ខានសុខាភិបាល ២០២៦-២០៣០។ ឯកឧត្តមសាស្រ្តាចារ្យ បានមានមតិបើកសិក្ខាសាលាដោយ លើកទឹកចិត្ត ដល់ក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព និងនាយកដ្ឋានពាក់ព័ន្ធ ត្រូវពិនិត្យ និងខិតខំព្យាយាមបន្ថែមទៀត ក្នុងការផ្តល់ធាតុចូលលើផែនការយុទ្ធសាស្រ្តនេះ។
ជារួមនៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ចំនុចសំខាន់ៗ ដោយបានលើកឡើងថា ក្រសួងសុខាភិបាល តាមរយៈក្រុមការងារបច្ចេកទេសស្តីពីសុខភាពជនមានពិការភាព បានរៀបចំផែនការយុទ្ធសាស្រ្ត ដែលជា «ផែនទីបង្ហាញផ្លូវរួម» សម្រាប់បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្មក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៦-២០៣០។ ផែនការនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើវិធីសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ជាពិសេស «សៀវភៅណែនាំសកម្មភាពស្តីពីសមធម៌សុខភាពសម្រាប់ជនមានពិការភាព» និង «សៀវភៅណែនាំសកម្មភាពស្តីពីការស្តារលទ្ធភាពពលកម្មក្នុងប្រព័ន្ធសុខាភិបាល» ដែលផ្តោតសំខាន់លើគោលនយោបាយផ្អែកលើភស្តុតាង និងការចូលរួមប្រកបដោយបរិយាបន្ន។
លើសពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ។ ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ទិវានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព។
ផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ នេះ នឹងផ្តល់នូវទិសដៅគោលនយោបាយច្បាស់លាស់ និងជំហានជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមយូរអង្វែងក្នុងការទទួលបានសេវាបង្ការ ព្យាបាល ស្តារលទ្ធភាពពលកម្ម និងសេវាសង្គ្រោះបន្ទាន់ ។ អ្វីដែលសំខាន់បំផុត ផែនការនេះបានដាក់បញ្ចូលនូវសំឡេង និងបទពិសោធន៍ផ្ទាល់របស់បងប្អូនជនមានពិការភាព តាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយអង្គការជនមានពិការភាព និងភាគីពាក់ព័ន្ធទាំងអស់ ។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសមកពីក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង WHO, Vital Strategies, Chai, Australian Aid, Access 2 និងដៃគូអភិវឌ្ឍផ្សេងទៀត ប្រមាណ ៩០ រូប។