Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។
ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦

គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។

ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ។

ជាក្តីថ្លែងអំណរគុណ លោកជំទាវបណ្ឌិត សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព និងក្តីស្រឡាញ់ដល់កុមារកម្ពុជា និងសូមជូនពរឱ្យ គម្រោងវះកាត់បេះដូងកុមារ ដំណើរការដោយរលូន និងជោគជ័យ៕

រាជធានីភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16