រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៤ អាណត្តិទី២ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៤ ឆមាសទី២ និងប្រចាំឆ្នាំ២០២៥
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២៥ និងលើការតែងតាំងសមាសភាពគណៈកម្មាធិការលទ្ធកម្មថ្មី និងអង្គភាពលទ្ធកម្មថ្មី
៣- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធីចង្កោមសម្មភាព ប្រចាំឆមាសទី២ ឆ្នាំ២០២៥
៤- ពិភាក្សាការងារផ្សេងៗ។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្ត្រាចារ្យប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ និងបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត តាមខ្លឹមសាររបៀបវារៈដែលបានជម្រាបជូនខាងលើ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានមានមតិសរុបរួម និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឱ្យមន្ទីរពេទ្យព្រះអង្គឌួង បន្តការលើកកម្ពស់គុណភាពសេវា ការព្យាបាល និងការថែទាំឱ្យកាន់តែល្អប្រសើរឡើង ដូចខាងក្រោម៖
- ការផ្តោតលើគុណភាពសេវាសុខាភិបាល ដោយលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ការថែទាំយ៉ាងយកចិត្តទុកដាក់ និងការពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ
- ការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងការលើកទឹកចិត្តបុគ្គលិក
- ការរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗឱ្យមានភាពច្បាស់លាស់ ស្របតាមគោលនយោបាយក្រសួងសុខាភិបាល និងទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល
- បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកទេស និងធនធាន។