Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគម្រោងយន្តការឆ្លើយតបនឹងជំងឺកូវីដ-១៩
ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគម្រោងយន្តការឆ្លើយតបនឹងជំងឺកូវីដ-១៩។ 

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ មានចំនួន ៣ដូចខាងក្រោម៖

១) ការពិនិត្យវឌ្ឍនភាព នៃសមិទ្ធិផលការងារដែលសម្រេចបាន ក្នុងឆមាសទី២ ឆ្នាំ២០២៥

២) ការទទួលយកមតិយោបល់ពីសមាជិកអង្គប្រជុំ ដើម្បីផ្តល់ជាធាតុចូល សម្រាប់រៀបចំរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២៥នេះ ឱ្យមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មុននឹងផ្តល់ជូនទៅម្ចាស់ជំនួយ

៣) ពិនិត្យ និងពិភាក្សារកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលបានជួបប្រទះក្នុងឆមាសទី២ ឆ្នាំ២០២៥ ដើម្បីរៀបចំផែនការកែលម្អក្នុងការអនុវត្តសកម្មភាពសម្រាប់ឆមាសបន្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍មានដូចជា UNIADS, CHAI, LFA, KHANA, RHAC, CHC, CRS, FI, HACC, Chhouk Sar សរុបប្រមាណ ៥៦នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14