ទីស្តីការក្រសួងសុខាភិបាល៖ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ MSME ដើម្បីពិនិត្យ និងពិភាក្សា ការផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យសហគ្រាសមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០។
សេចក្តីព្រាងយុទ្ធសាស្រ្តនេះបានកំណត់យុទ្ធសាស្ត្រគោល និងវិធានគន្លឹះចំនួនបួនរួមមាន យុទ្ធសាស្ត្រទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ យុទ្ធសាស្ត្រទី២៖ ការពង្រឹងផលិតកម្ម សេវាកម្ម និងការពង្រឹកបច្ចេកវិទ្យានិងនវានុវត្តន៍ យុទ្ធសាស្ត្រទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និងយុទ្ធសាស្ត្រទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថគាំទ្រ ដែលក្នុងនោះក្រសួងសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ចូលរួមក្នុងយុទ្ធសាស្ត្រនេះ។
យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់សមត្ថភាព និងភាពធន់របស់សហគ្រាសមីក្រូ តូច និងមធ្យម ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីអគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធ ដោយចាប់ផ្តើមពិនិត្យលើយុទ្ធសាស្ត្រនីមួយៗ ក្នុងចំណោមយុទ្ធសាស្ត្រទាំងបួនយ៉ាងល្អិតល្អន់ សំដៅធ្វើយ៉ាងណាឱ្យការប្រមូលធាតុចូលមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងយុទ្ធសាស្ត្រទាំងបួននេះ ដើម្បីផ្តល់ជូនទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។