Cambodia
ព័ត៌មានលំអិត

Image
សន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៨ ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំ ព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល”
ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាធិបតី ក្នុងពិធីបើកសន្និសីទសមាគម គ្រូពេទ្យទារកកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។

សន្និសីទនេះ មានគោលបំណង ផ្តល់នូវ ចំណេះដឹងថ្មីបន្ថែម រួមការចែករំលែកកបទពិសោធន៏ដល់ធនធានសុខាភិបាល ព្រមទាំងស្ថាបនឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ពីការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់ និងផលវិបាកនៃការសម្រាលដោយវៈកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែដោយវិធីសាស្ត្រ Antenatal Corticosteroids ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ និងមានបទបង្ហាញពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើនទៀត របស់សមាគមផ្ទាល់។ 

ក្នុងឱកាសនេះផងដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានជូនជាអនុសាសន៍ដល់អង្គសន្និសីទ ចំនួន ៥ចំណុចរួមមាន៖

១. ពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ (Advanced Ultrasound Markers) និងការពិនិត្យ Doppler (UA, MCA, DV) ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ

២. គ្រប់គ្រងការសម្រាល និងការថែទាំក្រោយសម្រាលប្រកបដោយស្តង់ដាដោយត្រូវពង្រឹងការអនុវត្តពិធីការគ្រប់គ្រងក្រោយសម្រាលភ្លាមៗ រួមមាន ការរក្សាកម្ដៅទារក (Thermal regulation) ការសង្គ្រោះទារកក្រោយសម្រាល ការគ្រប់គ្រងជាតិស្ករ (Hypoglycemia management) និងការសង្គ្រោះទារកក្រោយសម្រាល

៣. យកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងការយល់ដឹងជាសាធារណៈនៃសារៈសំខាន់នៃ ១០០០ ថ្ងៃដំបូងដោយត្រូវផ្សព្វផ្សាយ និងអប់រំអំពីសារៈសំខាន់នៃអាហារូបត្ថម្ភដល់មាតា និងទារកដើម្បីធានាបាននូវការចាប់ផ្តើមដ៏ល្អបំផុត

៤. បង្កើនកិច្ចសហការ និងការបណ្តុះបណ្តាលបន្ត ការធ្វើបច្ចុប្បន្នភាពចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុង មូលដ្ឋានសុខាភិបាលរៀងៗខ្លួន

៥. ការកសាងប្រព័ន្ធសិក្សា និងកែលម្អជាបន្តបន្ទាប់ តាមរយៈប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ដែលជាប្រព័ន្ធសិក្សា និងឆ្លើយតបដ៏មានប្រសិទ្ធភាព។

សន្និសីទនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ប្រធាន គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ សរុបអ្នកចូលរួមផ្ទាល់ចំនួន ១៨២រូប និងតាមរយៈប្រព័ន្ធនិមិត្ត មានចំនួន ៨៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19