រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ "គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សន្និបាតអប់រំឆ្នាំនេះ បានគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលទាំងបរិមាណវិស័យ និងគុណវិស័យនៅគ្រប់កម្រិត និងគ្រប់ការដ្ឋានកំណែទម្រង់វិស័យអប់រំរយៈពេលជាង ១០ ឆ្នាំ កន្លងរួមមាន កំណើនសិស្សចូលរៀននៅគ្រប់កម្រិត លទ្ធផលសិក្សារបស់សិស្សនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ការអនុវត្តស្តង់ដាសាលារៀនគំរូ សាលារៀនជំនាន់ថ្មី ការសាកល្បងអនុវត្តគន្លងអប់រំថ្មី ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការកែលម្អប្រព័ន្ធអេកូស៊ីស្ទែម នៃប្រព័ន្ធអប់រំសម្រាប់គាំទ្រការសិក្សាក្នុងបរិបទឌីជីថល ។ល។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាពិសេសផ្តល់ប័ណ្ណសរសើរជូនដល់ អង្គភាព សាលា ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង សៀមរាប កោះកុង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងពេលវេលាចូលរួមក្នុងការជំរុញក៏ដូចជាបន្តនូវការសិក្សានៅតាមជំរុំភាសសឹករបស់ប្រជាពលរដ្ឋ បើទោះបីជាជួបប្រទះទៅនឹងការឈ្លានពានរបស់ភាគីថៃក៏ដោយ។