Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល ផ្តល់ជូននូវចំនុចគន្លឹះក្នុងការអភិវឌ្ឍសមត្ថភាព «ចំណេះដឹង និងចំណេះធ្វើ» ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្នូលរបស់នាយកដ្ឋានឱ្យកាន់តែរឹងមាំ ជាពិសេសការងារលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីទាំង «ចំណេះដឹង និងចំណេះធ្វើ» ដើម្បីឱ្យទាន់ការវិវត្តនៃវិស័យសុខាភិបាលក្នុងតំបន់ និងសកលលោក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងបំពេញការងារក្នុងតួនាទីជាអ្នកសម្របសម្រួលដ៏មានសមត្ថភាព តាមរយៈអភិក្រម "ទន់ភ្លន់តែរឹងមាំ" ដើម្បីជំរុញការតម្រង់ទិស (Alignment) និងសុខដុមនីយកម្ម (Harmonization) រវាងគ្រប់អង្គភាពក្រោមឱវាទក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ដើម្បីសម្រេចបានជោគជ័យបន្ថែមទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ និងការសមត្ថភាពស្នូលរបស់នាយកដ្ឋាន៖ ១) ការពង្រឹងសមត្ថភាព និងចំណេះដឹងយុទ្ធសាស្ត្រ ២) ការពង្រឹងស្វ័យភាព និងការសម្រេចចិត្ត ៣) ការពិនិត្យ និងផ្តល់យោបល់លើឯកសារយុទ្ធសាស្ត្រ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ មន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យនាយកដ្ឋានសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សុខុមាលភាពប្រជាជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8