Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន»
ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារជាតិ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ មន្ទីរពេទ្យកុមារជាតិនូវភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ ជុំវិញបរិវេណមន្ទីរពេទ្យ ឧបករណ៍សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលនូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ ជាអាទិ៍មាន៖ ១) ពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងបរិស្ថាន ២) លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ ៣) ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ៤) បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព  «គ្រប់អ័ក្សត្រូវតែច្បាស់លាស់ ស្របតាមបទបែបជាតិ និងអន្តរជាតិ ដែលជាការចងចាំគ្រប់ជំហានបច្ចេកទេសព្យាបាល» ៥) ត្រូវមានសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ។ ៦) ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការទំនាក់ទំនងឱ្យបានល្អ  ៧) ពង្រឹងលើការបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ ៨) ពង្រឹងប្រព័ន្ធព័ត៌មាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ៩) មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាគោលការណ៍ និងយុទ្ធសាស្រ្តគន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព ដោយត្រូវផ្តោតលើចំណុចសំខាន់ៗ៖

-  ការគ្រប់គ្រងមន្ទីរពេទ្យ៖ គំនិត គឺជាដើមទុនសំខាន់របស់មនុស្សជឿនលឿន ហើយយកទៅអនុវត្តឱ្យបានជោគជ័យ។ ដើម្បីកែទំរង់មន្ទីរពេទ្យឱ្យបានប្រសើរឡើង គឺត្រូវ៖ ១) ពង្រឹងស្វ័យភាពរបស់មន្ទីរពេទ្យនៅក្នុងការគ្រប់គ្រង  ២) គ្រប់ថ្នាក់ដឹកនាំ ត្រូវមានជំនាញដឹកនាំ ក្នុងការគ្រប់គ្រងរបស់ខ្លួន ៣) ត្រូវពិនិត្យគ្រប់លំហូរបស់អ្នកជំងឺ ធ្វើឱ្យរលូន និងតាមដាន។    

-  ប្រសិទ្ធភាពចរន្តនៃការបញ្ជូនជំងឺ ឱ្យបានរលូន៖ ត្រូវរៀបចំប្រព័ន្ធបែងចែកឱ្យបានច្បាស់លាស់ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងត្រូវបង្កើតផ្លូវអាទិភាព នៅកន្លែងផ្នែកចាំបាច់មួយចំនួន។ 

-  ត្រូវពង្រឹងប្រព័ន្ធឌីជីថល ដើម្បីឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានច្បាស់លាស់ ទំរង់នៃការណាត់ជួប ក្នុងការពិនិត្យថែទាំព្យាបាល និងTelemedicine ដល់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក រហូតដល់មណ្ឌលសុខភាព។ 

-  អ្នកដឹកនាំ ត្រូវដឹង និងកំណត់សកម្មភាពឱ្យបានច្បាស់លាស់ ហើយវាយតម្លៃការអនុវត្តរបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលចាត់ទុក «គុណភាពជាការវិនិយោគ ហើយគុណភាព ត្រូវតែមានសុវត្ថិភាព»។

-  ធនធានមនុស្ស និងសម្ភារ៖ ត្រូវពិនិត្យនិងរៀបចំផែនការឆ្នាំឱ្យបានច្បាស់លាស់ និងការវិនិយោគ។ ចំពោះ ធនធានមនុស្ស ត្រូវបន្ថែមការបណ្តុះបណ្តាលបន្ត ទាំងទ្រីស្តី និងការអនុវត្ត ហើយត្រូវបង្កើនការស្រាវជ្រាវ ដើម្បីងាយស្រួលក្នុងការ ដឹងស្ថានភាព វាយតម្លៃ និងទ្រទ្រង់សភាពការណ៍បានទាន់ពេលវេលា។  

-  នវានុវត្តន៍ ត្រូវតែមានជាមួយនឹងសមធម៌។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ឱ្យបានលឿន បណ្តុះបណ្តាល និងការចល័តធនធានមនុស្សឱ្យបានលឿន និងសម្ភាររិក្ខារពេទ្យ ព្រមទាំងការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើថា មន្ទីរពេទ្យទាំងអស់ ផ្តោតសំខាន់ ១) ការដឹកនាំ ២) ការបណ្តុះបណ្តាល ៣) គុណភាពព្យាបាល និងការជួយសង្រ្គោះ ៤) ត្រូវតែមានសមធម៌ ដូចជាពាក្យ «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39