Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា
ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥  វេលាម៉ោង ៣:០០នាទីរសៀល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារសន្ទស្សន៍ហានិភ័យអាកាសាធាតុលើកុមារសម្រាប់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងអង្គការ UNICEF នៅកម្ពុជា។ 

ក្នុងឯកសារបានបញ្ជាក់ថា កម្ពុជា ស្ថិតនៅក្នុងចំណាត់ទី៤៦ ក្នុងចំណោម ១៦៣ប្រទេស ដែលប្រឈមនិងជាប់ចំណាត់ថ្នាក់លំដាប់លេខ៣ ដែលប្រឈមធ្ងន់ធ្ងរ នៃការបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត កើនកំដៅ និងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ 

បច្ចុប្បន្នកុមារកម្ពុជាប្រមាណជិត ២លាននាក់ កំពុងរស់នៅក្នុងឃុំទទួលរងនូវហានិភ័យអាកាសាធាតុខ្ពស់ដូចជា៖ ទឹកជំនន់ រយៈពេលយូរធ្វើឱ្យខកខានក្នុងការសិក្សារៀនសូត្រ គ្រោះរាំងស្ងួតធ្វើកុមារកង្វះជាតិទឹក និងអហាររូបត្ថម្ភ កើនកំដៅជារាងរាល់ឆ្នាំបណ្តាលឱ្យកុមារ ងាយនឹងទទួលរងនូវជំងឺដង្កាត់ កាចសាហាវផ្សេងៗ និងគ្រោះមហន្តរាយផ្សេងៗទៀតក៏រឹតតែបង្កឱ្យហានិភ័យ សម្រាប់កុមារកាន់តែធ្ងន់ធ្ងរថែមទៀត។ហើយនៅកម្ពុជាកុមារដែលរងនូវផលប៉ះពាស់ច្រើនជាងគេ គឺនៅតំបន់ភូមិភាគឦសាន និងតំបន់ជុំវិញទន្លេសាប ដែលធ្វើឱ្យកុមារបាត់បង់ផ្នែកខ្លះនូវសិទ្ធិរស់នៅ សិទ្ធិទទួលបាននូវការគាំពារអារហារូបត្ថម្ភ និងសិក្សារៀនសូត្រ ដោយសារកត្តាជីវភាព ដែលបណ្តាលមកពីការប៉ះពាល់នូវការបម្រែបម្រួលអាកាសធាតុនេះ។ ដូចនេះហើយដើម្បីដោះស្រាយបញ្ហាហានិភ័យមួយនេះ យើងត្រូវចូលរួមទាំងអស់គ្នាជាអន្តរវិស័យ ដើម្បី កុមារ យុវជន និងអ្នកជំនាន់ក្រោយរបស់កម្ពុជាយើង។ 

គួរបញ្ជាក់ផងដែរថា ពិធីខាងលើមានការអញ្ជើញចូលរួម ពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការយុវជន និងអង្គការដៃគូរអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6